អំពី​ការចុះ​បញ្ជិកា​

តើ​ការចុះ​បញ្ជិកា​គឺជា​អ្វី​?

យោងតាម​មាត្រា​១​នៃ​ព្រះរាជក្រឹត្យ​លេខ​សន​/​រកត​/០២០០/០៣៩គ្រូពេទ្យ​ទាំងអស់​ដែល​ប្រកប​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​នៅ​ប្រទេស​កម្ពុជា​ត្រូវតែ​សុំ​ចុះ​បញ្ជិកា​ជាមួយ​គណៈ​គ្រូពេទ្យ​”​។ ដូច្នេះ ការចុះ​បញ្ជិកា​នេះ គឺជា​កាតព្វកិច្ច​របស់​គ្រូពេទ្យ​ទាំងអស់​ទាំង​គ្រូពេទ្យ​ខ្មែរនិង​គ្រូពេទ្យ​បរទេស​ដែល​ប្រកប​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​ក្នុងប្រទេស​កម្ពុជា​។​

តើ​នឹង​មាន​អ្វី​កើតឡើង​បើ​ខ្ញុំ​មិន​បាន​ចុះ​បញ្ជិកា​?

គ្រូពេទ្យ​ដែល​មិន​បាន​ចុះ​បញ្ជិកា​នឹង​គ្មាន​សិទ្ធិ​ប្រកប​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​នៅក្នុង​ប្រទេស​កម្ពុជាពោល​គឺ​ការប្រកប​វិជ្ជាជីវៈ​របស់​លោក​-​លោកស្រី​ត្រូវបាន​ចាត់ទុក​ថា​ជាការ​ប្រកប​វិជ្ជាជីវៈ​ខុសច្បាប់​។ការប្រកប​វិជ្ជាជីវៈ​មិន​ស្របច្បាប់​នេះ​ត្រូវបាន​ហាមឃាត់ (​លោក​-​លោកស្រី​នឹងរង​នូវ​ផលវិបាក​ជាមិនខាន​)​។​

តើ​ការចុះ​បញ្ជិកា​ផ្តល់​ផល​ប្រយោជន៍​អ្វីខ្លះ​ដល់រូបខ្ញុំ​?

បេសកកម្ម​របស់​គណៈ​គ្រូពេទ្យ​គឺ​ការពារ​សុវត្ថិភាព​របស់​អ្នកជំងឺ​និង​គាំទ្រ​គ្រូពេទ្យ​។នៅពេលដែល លោក​-​លោកស្រី​បាន​ចុះ​បញ្ជិកា​ជាមួយ​គណៈ​គ្រូពេទ្យ​លោក​-​លោក​ស្រី​នឹង​ទទួលបាន​សិទ្ធិ​ប្រកប​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​នៅក្នុង​ប្រទេស​កម្ពុជា​ទៅ​តាម​ប្រភេទ​នៃ​បញ្ជិកា​ដែល​លោក​-​លោកស្រី​បាន​ទទួល​។​លោក​-​លោកស្រី​ក៏​នឹង​ត្រូវបាន​ការពារ​ពី​អំពើ​រំលោភបំពាន​ផ្សេងៗ​។​ក្នុង​ករណី​នៃ​វិវាទ​ដែល​ត្រូវ​ដោះស្រាយ​នៅ​តុលាការ​គណៈ​គ្រូពេទ្យ​មាន​កាតព្វកិច្ច​ចូលរួម​ផ្តល់​យោបល់​ចំពោះមុខ​តុលាការ(​មាត្រា​៦​នៃ​ព្រះរាជក្រឹត្យ​)​។​គណៈ​គ្រូពេទ្យ​ក៏​មាន​កាតព្វកិច្ច​ធ្វើ​របាយការណ៍​លើ​អធិករណ៍​ដែល​បាន​កើតឡើង(​មាត្រា​១៨​នៃ​ព្រះរាជក្រឹត្យ​) ដើម្បី​បញ្ជាក់​ពី​ការពិត​ជាក់ស្តែង នៃ​ការប្រព្រឹត្តិ​របស់​គ្រូពេទ្យ​នោះ​។​ចំពោះ​ការប្រតិបត្តិ​ដែល​បាន​បំពាន​លើ​ក្រម​សីលធម៌​វិជ្ជាជីវៈ​នឹង​ត្រូវ​បាន​ទទួល​វិន័យ​ទៅតាម​លក្ខណៈ​នៃ​កំហុស​ដែល​បាន​ប្រព្រឹត្ត(​មាត្រា​២៦​នៃ​ព្រះរាជក្រឹត្យ​)​។​

តើ​ការចុះ​បញ្ជិកា​របស់​ខ្ញុំ​មាន​សុពលភាព​រយៈពេល​ប៉ុន្មាន​?

រយៈពេល​សុពលភាព​នៃ​ការចុះ​បញ្ជិកា​ប្រែប្រួល​ទៅតាម​ប្រភេទ​និមួយៗ​(​ប្រភេទក ខ គ ឃ និង ង​) និង​ប្រាក់​ភាគទាន​ដែល​បាន​បង់​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​អាន សេចក្តីសម្រេច​ក្នុង​ការកំណត់​ប្រភេទ​នៃ​ការចុះ​បញ្ជិកា​ដែល​មាន​នៅ​www.mcc.org.kh​  គ្រូពេទ្យ​ដែល​ចុះ​បញ្ជិកា​ប្រភេទ​កខ ឬ ង អាច​មាន​សិទ្ធិ​សុំ​ចុះ​បញ្ជិកា​សម្រាប់​រយៈពេល​៣​ឆ្នាំ អាស្រ័យ​លើ​ប្រាក់​ភាគទាន​ដែល​បាន​បង់​ក្នុង​ពេល​សុំ​ចុះ​បញ្ជិកា(​បង់ប្រាក់​ភាគទាន​សម្រាប់​មួយឆ្នាំ មាន​សុពលភាព​ត្រឹម​មួយ​ឆ្នាំ​)​។​ចំពោះ​គ្រូពេទ្យ​ដែល​បាន​ចុះបញ្ជីនិង​បង់ប្រាក់​ភាគទាន​ដំបូង​ប្រចាំឆ្នាំ​២០១២​នៅ​មុន​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១២នឹង​បានទទួល​វិញ្ញាបនបត្រ​បញ្ជាក់​ការចុះ​បញ្ជិកា​ដែលមាន​សុពលភាព​រហូត​ដល់​ថ្ងៃ  ទី​៣១​ខែ ធ្នូ ឆ្នាំ​២០១៣​។​

តើ​ត្រូវ​បង់ប្រាក់​ភាគទាន​ចំនួន​ប៉ុន្មាន​សម្រាប់​ការចុះ​បញ្ជិកា​ឡើងវិញ​?

គ្រូពេទ្យ​ម្នាក់ៗ​ត្រូវ​ចុះ​បញ្ជិកា​ឡើងវិញ​ទៅ​តាម​សេចក្តីណែនាំ​សម្រាប់​ប្រភេទ​នៃ​ការចុះ​បញ្ជិកា​របស់ខ្លួន​។ការ​មិន​បាន​ចុះ​បញ្ជិកា គ្រូពេទ្យ​មិនអាច​ប្រកប​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​បាន​ទេ​។​វា​ជា​ការទទួលខុសត្រូវរ​បស់​គ្រូពេទ្យ​គ្រប់រូបក្នុង​ការធានា​ថា ការចុះ​បញ្ជិកា​របស់ខ្លួន​ត្រូវបាន​រក្សា​ឲ្យនៅ​មាន​សុពលភាព​ជានិច្ច​។​

សំនួរ​សួរ​ជា​ញឹកញាប់​

ប្រសិនបើ​ខ្ញុំ​ជា​គ្រូពេទ្យ​ធ្វើ​ការងារ​ក្នុង​ផ្នែក​សុខភាព​សាធារណៈ​ហើយ​ខ្ញុំ​មិន​ធ្វើការ​ពិនិត្យ​ព្យាបាល​ជំងឺ​ទេតើ​ខ្ញុំ​នៅតែ​ត្រូវ​ចុះ​បញ្ជិកា​ដែរឬទេ​?

ត្រឹមត្រូវ​ហើយ​ដ៏​រាប​ណា​លោក​-​លោកស្រី​នៅតែ​ប្រើ​សញ្ញាបត្រ​វេជ្ជសាស្ត្រ​របស់ខ្លួន​ក្នុងការ​ប្រកប​វិជ្ជាជីវៈ​លោក​-​លោកស្រី​ត្រូវតែ​ចុះ​បញ្ជិកា​។​

ប្រសិនបើ​ខ្ញុំ​ជា​គ្រូពេទ្យ​ធ្វើ​ការងារ​ដែល​មាន​ពាក់ព័ន្ធ​និង​វិស័យ​សុខាភិបាល​ក្នុង​ក្រសួង​ផ្សេង​ក្រៅពី​ក្រសួង​សុខាភិបាល​ តើ​ខ្ញុំ​នៅ​តែ​ត្រូវ​ចុះ​បញ្ជិកាដែរឬទេ​?

គ្រូពេទ្យ​ទាំងអស់​ដែល​ធ្វើ​ការងារ​សុខាភិបាល​ជា​សុខភាព​សាធារណៈក្តី​ជា​គ្រូពេទ្យ​ដែល​ធ្វើការ​ពិនិត្យ​ព្យាបាល​ជំងឺ​ក្តី ត្រូវតែ​ចុះ​បញ្ជិកា ទោះបី​ស្ថិតនៅ​ក្រៅ​ក្រសួង​សុខាភិបាល​ក៏​ដោយ​។​

ប្រសិនបើ​ខ្ញុំ​ជា​គ្រូពេទ្យ​ធ្វើ​ការងារ​ទាក់ទង​នឹង​ការងារ​សុខភាព​ក្នុង​ផ្នែក​យោធា​ឬ​នគរបាល ​តើ​ខ្ញុំ​ត្រូវ​ចុះ​បញ្ជិកា​ដែរឬទេ​?
​គ្រូពេទ្យ​ទាំងអស់​ដែល​ធ្វើ​ការងារ​ក្នុង​ផ្នែក​យោធា​ឬ នគរបាល​ទាំង​ការងារ​ពិនិត្យ​ព្យាបាល​ជំងឺ​ឬ​សុខភាព​សាធារណៈ ត្រូវតែ​ចុះ​បញ្ជិកា​ជាមួយ​គណៈ​គ្រូពេទ្យ​។​

ប្រសិនបើ​ខ្ញុំ​ជា​គ្រូពេទ្យ​ធ្វើ​ការងារ​នៅក្នុង​មន្ទីរពេទ្យ​សាធារណៈ​ប៉ុន្តែ​ខ្ញុំ​មិន​មាន​ធ្វើ​ការងារ​ពិនិត្យព្យាបាល​ជំងឺ​ឯកជន​ទេ ​តើ​ខ្ញុំ​ត្រូវតែ​ចុះ​បញ្ជិកា​ឬទេ​?
ពិត​ហើយ​ទោះជា​គ្មាន​ធ្វើ​ការងារ​ពិនិត្យ​ព្យាបាល​ជំងឺ​ឯកជន​ក៏​ដោយ គ្រូពេទ្យ​ទាំងអស់​ដែល​ប្រកប​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​នៅ​តែ​ត្រូវ​ចុះ​បញ្ជិកា​។​

ប្រសិនបើ​ខ្ញុំ​ជា​គ្រូពេទ្យ​ធ្វើ​ការងារ​ពិនិត្យ​ព្យាបាល​ជំងឺ​នៅក្នុង​ផ្នែក​ឯកជន ​ប៉ុន្តែ​រូបខ្ញុំ​មិនមែន​ជា​ម្ចាស់ស្ថាប័ន​នោះ​ទេ តើ​ខ្ញុំ​ត្រូវតែ​ចុះ​បញ្ជិកា​ដែរឬទេ​?
លោក​-​លោកស្រី​ត្រូវតែ​ចុះ​បញ្ជិកា​។ ការចុះ​បញ្ជិកា​គឺជា​តម្រូវការ​សម្រាប់​គ្រូពេទ្យ​ទាំងអស់​ដែល​ប្រើប្រាស់​សញ្ញា ប​ត្រ​វេជ្ជសាស្ត្រ​ក្នុង​ការប្រកប​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​របស់ខ្លួន​។​

ប្រសិនបើ​ខ្ញុំ​ជា​គ្រូពេទ្យ​ធ្វើ​ការងារ​នៅ​មន្ទីរ​សុខាភិបាល​ឬ​ការិយាល័យ​ស្រុក​ប្រតិបត្តិ​ និង​មិន​ធ្វើការ​ពិនិត្យព្យាបាល​ជំងឺ​ទេ​ តើ​ខ្ញុំ​ត្រូវតែ​ចុះ​បញ្ជិកា​ដែរឬទេ​?
គ្រូពេទ្យ​ទាំងអស់​ដែល​ធ្វើ​ការងារ​ផ្នែក​សុខភាព​សាធារណៈ​ត្រូវតែ​ចុះ​បញ្ជិកា ដោយ​មិន​គិត​ថា​តើ​គ្រូពេទ្យ​នោះ មាន​ធ្វើ ឬ មិន​មាន​ធ្វើ​ការងារ​ពិនិត្យ​ព្យាបាល​ជំងឺ​ទេ​។​គ្រូពេទ្យ​ខ្មែរ​ទាំងអស់​ដែល​ធ្វើ​ការងារ​នៅ​មន្ទីរ​សុខាភិបាល និង​នៅ​ការិ យា  ល័យ​ស្រុក​ប្រតិបត្តិ​ដែល​មិន​ធ្វើ​ការងារ​ពិនិត្យ​ព្យាបាល​ជំងឺ​និង​គ្មាន​ផែនការ​ចាប់ផ្តើម​ធ្វើការ​ងារ​ពិនិត្យ​ព្យាបាល​ជំងឺ​ទេ​ត្រូវតែ​ចុះ​បញ្ជិកា​ក្នុង​ប្រភេទ​ង​។ ប៉ុន្តែ បើ​លោក​-​លោកស្រី​មាន​បំណង ចាប់ផ្តើម​ធ្វើ​ការងារ​ពិនិត្យ​ព្យាបាល​ជំងឺ​វិញ​បន្ទាប់ពី​បាន​ផ្អាក​ធ្វើ​ការងារ​នេះ​រយៈពេល​បី​ឆ្នាំ​ហើយ​នោះ​លោក​-​លោកស្រី ត្រូវតែ​ចុះ​បញ្ជិកា​ក្នុង​ប្រភេទ​ក​។​គ្រូពេទ្យ​ខ្មែរ​ទាំងអស់​ដែល​ធ្វើ​ការងារ​នៅ​មន្ទីរ​សុខាភិបាល​និង​នៅ​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​និង​ថែមទាំង​មាន​ធ្វើ​ការងារ​ពិនិត្យ​ព្យាបាល​ជំងឺ​នៅក្នុង​ផ្នែក​ឯកជន​ទៀត​ត្រូវតែ​ចុះ​បញ្ជិកា​ក្នុង​ប្រភេទ​ខ​។​

ប្រសិនបើ​ខ្ញុំ​ជា​គ្រូពេទ្យ​តែ​ខ្ញុំ​មិនមែន​កំពុង​ធ្វើ​ការងារ​ក្នុង​វិស័យ​សុខាភិបាល​ តើ​ខ្ញុំ​នៅ​តែ​ត្រូវ​ចុះ​បញ្ជិកា​ទៀត​ឬ​ទេ​?
ទេ​!​ប្រសិន​បើ​លោក​-​លោកស្រី កំពុង​ប្រកប​វិជ្ជាជីវៈ​ផ្សេង​ពី​វេជ្ជសាស្ត្រ​ឬ​សុខភាព​សាធារណៈ​ទាំង​ស្រុង​លោក​-​លោក​ស្រី​នឹង​មិន​ត្រូវ​ចុះ​បញ្ជិកា​ជាមួយ​គណៈ​គ្រូពេទ្យ​ទេ​។​ប៉ុន្តែ​ប្រសិនបើ​លោក​-​លោកស្រី​ចង់​ប្រកប​វិជ្ជាជីវៈ​ជា​គ្រូពេទ្យ​ឬ​ក្នុង​ផ្នែក​សុខភាព​សាធារណ​សារ​ជា​ថ្មី​លោក​-​លោក​ស្រី​ត្រូវ​ចុះ​បញ្ជិកា​ឡើងវិញ​។​ការចុះ​បញ្ជិកា​ឡើងវិញ​នេះ​នឹង​មាន​លក្ខខណ្ឌ​ខ្លះ ដោយ​លោក​-​លោកស្រី​មិនបាន​ធ្វើ​ការពិនិត្យ​ព្យាបាល​ជំងឺ​យូរ​មក​ហើយ​។​

ខ្ញុំ​បាន​បង់ប្រាក់​ភាគទាន​ចុះបញ្ជី​របស់ខ្ញុំ​រួចហើយ​ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​បាន​បំពេញ​ទម្រង់​បែបបទ​សុំ​ចុះ​បញ្ជិកា​របស់ខ្ញុំ​នៅឡើយ​ទេ​តើ​នេះ​ចាត់ទុកថា​ខ្ញុំ​បាន​ចុះ​បញ្ជិកា​រួច​ជា​ស្ថាពរ​ហើយ​ឬ​?
ទេ​!​ដើម្បី​ចាត់​ទុក​ថា​បាន​ចុះ​បញ្ជិកា លោក​-​លោកស្រី​ត្រូវតែ​បាន​ទទួល​វិញ្ញាបនបត្រ​បញ្ជាក់​ការចុះ​បញ្ជិកា​ដែល​ចេញ​ដោយ​គណៈ​គ្រូពេទ្យ​ជាតិ​កម្ពុជា​។​សម្រាប់​ព័ត៌មាន​លម្អិត សូម​មើល​ចម្លើយ​ទៅ​នឹង​សំនួរ “​តើ​ការចុះ​បញ្ជិកា​មាន​ដំណើរការ​យ៉ាង​ដូច​ម្តេច​?”

ប្រសិនបើ​ខ្ញុំ​ធ្វើ​ការងារ​ជាមួយ​អង្គការ​មិនមែន​រដ្ឋា​ភិបាល​ ឬ​អង្គការ​អន្តរជាតិ​រយៈពេល​ពីរ​សប្តាហ៍ តើ​ខ្ញុំ​ត្រូវតែ​ចុះ​បញ្ជិកា​ដែរឬទេ​?
គ្រូពេទ្យ​ទាំងអស់​ដែល​ចង់​ធ្វើ​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវតែ​ចុះ​បញ្ជិកា​ទោះបីជា​គាត់​ធ្វើការ​រយៈពេល​តែ​មួយ សប្តាហ៍​ក៏ដោយ​។​

តើ​មាន​តម្រូវការ​អ្វីខ្លះ​ក្នុង​ការចុះ​បញ្ជិកា​ឡើងវិញ​?
ដើម្បី​ចុះ​បញ្ជិកា​ឡើងវិញ​ក្នុង​ឆ្នាំ​បន្ទាប់ គ្រូពេទ្យ​គ្រប់រូប​ត្រូវតែ​បំពេញ​នូវ​លក្ខខណ្ឌ​នៃ​ការបណ្តុះបណ្តាល​វេជ្ជសាស្ត្រ​បន្ត​(Continuing Medical Education[CME]) យ៉ាង​សមស្រប​ទៅតាម​ប្រភេទ​នៃ​ការចុះ​បញ្ជិកា​របស់ខ្លួន​ពោល​គឺ​គ្រូពេទ្យ​ម្នាក់ៗ​ត្រូវ​ស្វែងរក​ពិន្ទុ ឬ Credit CME​អប្បបរមា​ជា​រៀងរាល់ឆ្នាំ​។ ការចុះ​បញ្ជិកា​ឡើង​វិញ​នឹង​ត្រូវការ​ពិន្ទុ​CME​ទាំងនេះ​។ សកម្ម ភាព​ដែល​អាច​ទទួលបាន​ពិន្ទុ រួម​មាន​ការចូលរួម​ការប្រជុំ​គ្លីនិក និង​សិក្ខាសាលា​ប្រចាំ​នៅ​មន្ទីរពេទ្យ​ការបណ្តុះបណ្តាល​ ឬ​សន្និបាត​ដែល​ត្រូវបាន​ទទួលស្គាល់ (​អាច​ជា​ការបណ្តុះ បណ្តាល​ដែល​មាន​រយៈពេល​កន្លះ​ថ្ងៃ ឬ​លើស​ពីនេះ​)​ការធ្វើ​ការបោះពុម្ភផ្សាយ​(​ការសិក្សា​ស្រាវជ្រាវ គោលការណ៍​ណែ នាំ​)​ការធ្វើ​បាឋកថា ។​ល​។​ព័ត៌មាន​លម្អិត​អំពី​លក្ខខណ្ឌ CME សកម្មភាព​បណ្តុះបណ្តាល​ផ្សេងៗ​និង​ពិន្ទុ​នឹង​មាន​ដាក់បញ្ចូល​ក្នុង​គេហទំព័រ​គណៈ​គ្រូពេទ្យ​កម្ពុជា www.mcc.org.kh​។​